ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដឧត្ដរមានជ័យ បានដឹកនាំ លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិកា នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតតយុទ្ធជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរាយការណ៍អំពីវឌ្ឍនភាព នៃលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ដឧត្ដរមានជ័យ និងស្នើសុំសាងសង់ផ្ទះបន្ថែមសម្រាប់បងប្អូនអតីតយុទ្ធជន។ ក្នុងពិធីនោះផងដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតតយុទ្ធជនកម្ពុជា បានរំឭកអំពីវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ។ ជាមួយគ្នានោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់អតីតយុទ្ធជន ចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២០គីឡូក្រាម មីជាតិ១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន ៥០.០០០៛ (ប្រាំមុឺនរៀល)៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
No comments:
Post a Comment